ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩, រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីដង្ហែរក្បួនរថយន្តបុស្បុកតំណាងអោយខេត្តប៉ៃលិន និងធ្វើមិទ្ទិញរំលឹកខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា១៩៧៩- ៧មករា២០១៩ ក្រោមអធិបតិផាពឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះ មានឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម កើតសុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម- លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័ន មន្រ្តីរាជការបណ្តាមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន យុវជនកាយរឹទ្ធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត៣០០០នាក់។
ក្បួនដង្ហែររថយន្តបុស្បុកតំណាងអោយខេត្តប៉ៃលិន បានចាប់ផ្តើមពីចំណុចមុខអាស្រមលោកយាយ យ៉ាត ដែលស្ថិតនៅភាគខាងកើតនៃជើងភ្នំយ៉ាតឆ្ពោះមកកាន់វិមានឯករាជ្យ ដោយមានចែកចេញជាច្រើនផែនគឺ៖ ផែនទី១/ ជាក្រុមការងារដែលបានទៅចូលរួមនៅថ្នាក់ជាតិ មានពាក់អាវចំរុះពណ៌ មាន៖ ពណ៌លឿង ក្រហម បៃតង និងមានកាន់ទង់ជាតិ ទង់សាសនា និងទង់៧មករា យ៉ាងច្រើនព្រោងព្រាត ដើរខាងមុខ និងខាងក្រោយនៃរថយន្តបុស្បុក ។ ផែនទី២/ គឺជាផែនរបស់សមត្ថកិច្ចទាំងបីស្ថាប័ន មាន៖ តំបន់ប្រតិប័ត្តការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្ត។ ផែនទី៣/គឺជាក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន, ក្រុមយុវជនកាយរឹទ្ធ និងផែនទី៤/ គឺជាផែនរបស់អាជ្ញាធរស្រុក/ក្រុង មន្រ្តីសាលាខេត្ត និង មន្រ្តីរាជការបណ្តាមន្ទីរ ស្ថាប័ននានានៅជុំវិញខេត្តប៉ៃលិន។
ក្បួនដង្ហែរបានមកជួបជុំគ្នានៅវិមានឯករាជ្យ ជាទីកន្លែងនៃការប្រារព្វមិទ្ទិញរំលឹកខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៩។ បន្ទាប់ពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានអាននូវសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសមិទ្ទិងរំលឹកខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៩ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដោយសារប្រជាជនកម្ពុជានៅទូទាំងប្រទេសត្រូវបានរំដោះអោយរួចផុតពីរបបដ៏ខ្មៅងងឹត កាប់សំលាប់ប្រជាពលរដ្ឋកម្ពុជាដោយអយុត្តិធម៌ អស់ជាងបីលាននាក់កាលពីជាង៤០ឆ្នាំមុន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត បានយកជីវិតជាដើមទុន ក្នុងការរំដោះប្រជាពលរដ្ឋកម្ពុជាអោយរួចពីរបបដ៏ខ្មៅងងឹតនេះ នាថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩។ ក៏ប៉ុន្តែមិនទាន់បានបញ្ចប់សង្រ្គាមកាប់សំលាប់រវាងខ្មែរ និងខ្មែរ នៅឡើយទេ ដោយសារកងកំលាំងកម្ពុជាប្រជាធិបតេយ្យ ឬកងកំលាំងខ្មែរក្រហម ដែលបានបាក់ទ័ពទាំងនោះបានទៅពួនសំងំលាក់ខ្លួននៅតាមព្រំដែន និងតំបន់នានាជាច្រើនទៀត និងបានធ្វើសង្គ្រាមរាំងជលជាមួយកងទ័ពរដ្ឋាភិបាល រហូតដល់មានគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបបានបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នងឆ្នាំ១៩៩៨ នាំមកនូវសុខ សន្តិភាពជូនប្រជាជនកម្ពុជានៅទូទាំងប្រទេសទាំងមូល។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅក្នុងតំណាក់កាលនោះ គឺជាតំណាក់កាលដ៏លំបាកបំផុតសំរាប់រាជរដ្ឋាភិបាលកម្ពុជា ដោយដៃម្ខាងធ្វើសង្គ្រាមទប់ស្កាត់ការត្រឡប់វិញនៃរបបប៉ុលពតដ៏សែនខ្មៅងងឹត និងដៃម្ខាងបង្ករបង្កើនផលចិញ្ចឹមជីវិត និងមានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីសំណាក់ប្រទេសមួយចំនួនដោយអយុត្តិធម៌ទៀតផង។ ទោះជាយ៉ាងនោះក្តី ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ មានអធិបតេយ្យភាព មូរណៈភាពទឹកដី និងមានភាពស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។ ដូច្នេះយើងត្រូវគោរពដឹងគុណថ្ងៃជ័យជម្នះ៧មករា និងត្រូវការពារ ដឹងគុណសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារអោយមានសេចក្តីសុខ សំរាប់ការដឹកនាំ កសាងប្រទេសជាតិអោយមានការរីកចំរើនបន្តទៀត។
អង្គមិទ្ទិងបានបញ្ចប់នៅម៉ោងប្រមាណ១០ថ្ងៃត្រង់ ដោយបរិយាកាសសប្បាយរីករាយបំផុត៕
ដោយ៖ វួច ពឿន